តាម​ធម្មតា​ជា​បុថុជ្ជន​ម្នាក់​ៗ​មានការ​គិត​ឃើញ​រៀង​ៗ​ខ្លួន ត្រូវ​គ្នា​ខ្លះ មិន​ត្រូវ​គ្នា​ខ្លះ ដូច្នេះ​កាល​កូនស្រី​ធ្វើ​នូវ​អ្វីមួយ អ្នកខ្លះ​គេ​ថា​ល្អ អ្នកខ្លះ​ទៀត​គេ​ថា​មិនល្អ ឬ​អាច​គេ​ថា​អាក្រក់​តែ​ម្ដង ដូច្នេះ​កូនស្រី​ត្រូវ​តែ​សម្រេច​ថា​អាត្មាអញ​គប្បី​ធ្វើ​នូវ​អ្វី​ដែល​សមគួរ​ដល់​ខ្លួនឯង​ផង ដែល​មិន​ខុសច្បាប់​ផង មិន​ខុសសីលធម៌​ផង មិន​បៀតបៀន​អ្នក​ណា​ឱ្យ​ក្ដៅក្រហាយ​ផង ហើយ​អាត្មាអញ​សប្បាយ​ចិត្តនឹង​ធ្វើ​ផង ដូច្នេះ​អាត្មាអញ​ត្រូវ​តែ​ធ្វើ​ដោយ​មិន​មាន​កង្វល់​នឹង​​ពាក្យ​គេ​ថា​អ្វី​ឡើយ ។ ប៉ុន្តែ​ម៉ែ​សូម​រំលឹក​កូនស្រី ចូរ​កូន​កុំ​ភ្លេច​ផ្ទៀងផ្ទាត់​នូវ​កិច្ច​ការងារ​នោះ ឲ្យ​ជា​ការងារ​ល្អ​ត្រឹមត្រូវ​ពិតប្រាកដ​ផង ។

ដោយហេតុ​ថា ការ​រិះគន់​និន្ទា​គ្នាន់ក្នាញ់ ជា​របស់​ធម្មតា​ក្នុង​លោក​ទៅ​ហើយ អ្នកខ្លះ​ប្រើ​ពេលវេលា​ទំនេរ​ទៅ​ក្នុង​ការ​អាន​សៀវភៅ អ្នកខ្លះ​រីករាយ​ក្នុង​ការ​លេង​កីឡា អ្នកខ្លះ​ជ្រើស​រើស​យក​ការ​និន្ទា​រិះគន់​គ្នាន់ក្នាញ់​ចំពោះ​អ្នក​ដទៃ​មក​ជា​ការងារ​ធំដុំ​ក្នុង​ជីវិត ។

អ្នក​ដែល​សម្លឹង​ទោស​គេ​ដោយ​អកុសលចិត្ត និយម​និយាយ​រឿង​អាក្រក់​របស់​គេ គឺជា​អ្នក​មិន​មាន​សេចក្ដីចម្រើន​ក្នុង​ជីវិត​ឡើយ ព្រោះ​គិតតែ​នាំ​យក​រឿង​អាក្រក់​ៗ​មក​ដាក់​ក្នុង​ខ្លួនឯង​រាល់ថ្ងៃ បីដូច​ជា​ធុងសំរាម​ប្រឡាក់ប្រឡូស​ទៅ​ដោយ​របស់​ស្មោកគ្រោក ជា​ការ​សាង​នូវ​គ្រឿង​ដែល​រារាំង​សេចក្ដីចម្រើន​ឲ្យ​ដល់​ខ្លួនឯង ជា​អ្នក​បញ្ឆោត​ខ្លួនឯង​ឲ្យ​រីករាយ​ដោយ​សេចក្ដី​វង្វេង​ក្នុង​ផ្សែង​នៃ​សេចក្ដី​អាក្រក់​ទាំងនោះ ពិតជា​មិន​រុងរឿង​ក្នុង​ជីវិត​ឡើយ ។

ហេតុនេះ​កូនស្រី​ម៉ែ​ត្រូវ​រៀន​ទទួលយក​ការ​ពិត​របស់​ជីវិត កុំ​ចេះ​តែ​ញាប់​ញ័រ​ទៅ​តាម​ពាក្យ​គេ​ថា ត្រូវ​រៀន​ឲ្យ​យល់​ពី​ហេតុផល​របស់​ធម្មជាតិ ចាប់​យកការណ៍​ពិត​នៃ​ជីវិត​មក​សិក្សា​រហូត​បាន​យល់​ច្បាស់ ទើប​រស់នៅ​ដោយ​ស្ងប់​ចិត្តជា​សុខ​បាន ៕ សាន សារិន

Powered by the Echo RSS Plugin by CodeRevolution.