ភ្នំពេញ៖ ទីបំផុតទៅ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​តាមហ្វេសប៊ុក​ នៅ​ព្រលប់ថ្ងៃទី៥ ខែកុម្ភៈនេះថា ដោយសារតែ​វ៉ាក់សាំង​របស់ចិន ស៊ីណូហ្វាម ចាក់បានតែអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដូច្នេះ​សម្តេច ដែលមានអាយុជាង ៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះ គំរោងចាក់វ៉ាក់សាំង ដែលគ្រោង​ចាក់នៅថ្ងៃទី១០កុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោល ដោយ​សារតែទាំងសម្តេច និងទាំងមន្ត្រីជាន់ខ្ពស់​ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។

យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្មវិធីចេញទៅ​ទទួល​ជំនួយ​វ៉ាក់សាំងនៅព្រលានយន្តហោះ នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ នៅរក្សាទុកដដែល។

ដំណឹង​នេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាស បន្ទាប់ពីសម្តេច បានទទួល​ព័ត៌មាន​តាមរយៈក្រសួងសុខាភិបាល ដែលទើបតែបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃសាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្ស មានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំតែប៉ុណ្ណោះ៕

Powered by the Echo RSS Plugin by CodeRevolution.