ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ លោកនាយ​ឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ អមដំណើរដោយ​លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងត្រៀម​រៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើនពលករមកពីថៃ កើនឡើង នៅស្រុកកំរៀង ខេត្តបាត់ដំបង។

អមដំណើរ​គណៈប្រតិភូនេះ ក៏​មានការអញ្ជើញចូលរួមពីមន្ត្រី អ្នកមុខអ្នកការ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួន។

លោក ងួន រតនៈ បានបញ្ជាក់ថា អាជ្ញាធរខេត្ត បានជំរុញឲ្យ​មន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែម ឲ្យបានល្អ ដោយ​មានទាំងកន្លែងសម្រាក បង្គន់អនាម័យ និងកន្លែងចំអិនអាហារ ជាដើម ឲ្យបានសមស្រប ពិសេសឲ្យពួកគាត់ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល​។

លោកនាយឧត្តមសេនីយ៍ ខេង សុម៉េត រួមទាំង​លោក ងួន រតនៈ ​បានណែនាំបន្ថែម​ដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ ត្រូវសហការជាមួយមន្ត្រីសុខាភិបាល បន្តរឹតបន្តឹងក្នុងការពិនិត្យទប់ស្កាត់ កុំឲ្យពលករណាម្នាក់ អាចគេចវេសពីការ​ពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័ក គឺមិនអាចលើកលែង ក្នុងករណីអ្នកណាម្នាក់ បាននោះទេ ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា ពលករឆ្លងដែនពីប្រទេសថៃ តាមច្រកជាប់ស្រុកកំរៀង មានជារៀងរាល់ថ្ងៃ ដោយបច្ចុប្ប​ន្ន ក្នុងស្រុកកំរៀង មានមណ្ឌលចត្តាឡីស័ក ចំនួន៣ អាចដាក់ចំណុះពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័ក បានចេញជាបណ្ដើរៗ ប៉ុន្តែកំណើនចូលវិញក៏ច្រើន​។

លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយ បានផ្តល់សម្បទានដីរបស់ខ្លួនប្រមាណ ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃ ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌល​ចត្តាឡីស័ក ចំពោះពលករ ដែលទើបប្រឡប់មកពីប្រទេសថៃនេះ ហើយអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ​។
ក្នុងឱកាសចុះពិនិត្យទីតាំង ត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង លោកនាយឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិញភូមិភាគទី៤ និងទី៥ បានថ្លែងថា មណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័ក មានស្រាប់ពេញ ត្រូវបញ្ជូនពលករ ទើបត្រឡប់មកពីថៃមកកន្លែងថ្មី និងនៅពេលកន្លែងចាស់មានពលករគ្រប់កំណត់ ១៤ថ្ងៃ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន អាចបញ្ជូនពីមណ្ឌលថ្មី ទៅមណ្ឌលចាស់ជាបន្តបន្ទាប់​។

​របាយការណ៍របស់ជំនាញ​នៅទីនោះ បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដើមខែកុម្ភៈនេះ ចំនួនពលករឆ្លងដែនពីប្រទេសថៃ ក្នុងអំឡុងមានការរីករាលដាល​នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន បានធ្វើដំណើរតាមច្រកនានា​ជាប់ខេត្តបាត់ដំបង មានចំនួនលើស ១០០នាក់ ក្នុង ១ថ្ងៃៗ និងមានបន្តមកទៀត ជាហូរហែរ​៕ ដោយ៖ ហួត សុងហាក់

Powered by the Echo RSS Plugin by CodeRevolution.