(ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានប្រកាសថា មានអាណា​ព្យាបាលសិស្សម្នាក់ រៀនថ្នាក់ទី៦ បានពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើតេស្ត​រកកូវីដ១៩ ឃើញថា វិជ្ជមាន​។ នេះ​បើតាម​សេចក្តីជូនដំណឹងរបស់សាលារៀនអន្តរជាតិ អេស អាយ អេស នៅជិត​ផ្សារដើមគ ក្នុងរាជធានីភ្នំពេញ។​

សាលារៀន អេស អាយ អេស ​បានប្រកាស​​ផ្លាស់ប្តូរពីការសិក្សា​ក្នុងថ្នាក់រៀនផ្ទាល់ មកសិក្សា​ពីចម្ងាយ​ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិចជាបណ្តោះអាសន្ន​ ចំពោះទីតាំង​គោល ( ឡាក់គីស្តារ ) នៃសាលាអន្តរជាតិ អេស អាយ អេស ( SIS )​។ ការផ្លាស់ប្តូរនេះ នឹងចាប់ផ្តើមអនុវត្ត​ពីថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះតទៅ​។

សូមរម្លឹកថា ព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍ ថ្ងៃ២០កុម្ភៈ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងសរុប ៤៤នាក់ហើយ ( ថ្ងៃទី២០ មាន ២៩នាក់ និងថ្ងៃទី២១ មាន ១៥នាក់ )។ ចំណែក​ក្លិបកម្សាន្ត N8 និងតំបន់មួយចំនួនទៀត ដែលជនជាតិចិន​ឆ្លងកូវីដ១៩ទាំងនោះ រស់នៅ ក្នុងរាជធានីភ្នំពេញ ក៏ត្រូវបិទជាបណ្តោះ​អាសន្ន​ផងដែរ។ អ្នកពាក់ព័ន្ធ​ ត្រូវបាន​យកទៅធ្វើតេស្តជាបន្តបន្ទាប់ ហើយលទ្ធផល​វិជ្ជមានវីរុសកូវីដ១៩ ជាបន្តបន្ទាប់ដែរ៕

Powered by the Echo RSS Plugin by CodeRevolution.