រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ​មាន​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហ​បូ​រី ពេល​នេះ ជើងហោះហើរ​ពី​សិង្ហ​បុរី​ចាប់ផ្ដើម​ត​ភ្ជាប់​មក​កម្ពុជា​វិញ​ហើយ តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airline តែ​ម្តង ។

បើ​តាម​លោក​ស៊ិ​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល បានឱ្យ​ដឹង​ថា​នៅ​ក្នុង​វិបត្តិ​កូ​វី​ដ​១៩ ជើងហោះហើរ​ជា​ច្រើន​ទៅ​កាន់​គោលដៅ​នានា រវាង​កម្ពុជា​និង​បណ្តា​ប្រទេស​នានា បាន​ផ្អាក​ដំណើរការ​ដោយសារ​តែ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ តែ​ថ្មី​ៗ ក្រុមហ៊ុន​របស់​សិង្ហ​បុរី​បាន​ចាប់ផ្ដើម​ហោះហើរ​មក​វិញ ទាំង​ចូល​-​និង​ចេញ ក្នុង​នោះ យើង​មើលឃើញ​មាន​ក្រុមហ៊ុន Singapore Airlines ដោយ​ត្រូវ​ហោះហើរ​ក្នុង​មួ​យស​ប្ដា​ហ៍​ពីរ​ជើង ។

លោក​បន្ត​ថា ការ​ហោះហើរ​ត្រូវធ្វើ​ទៅ​តាម​វិធាន​របស់​ក្រសួងសុខាភិបាល ហើយ​ពេល​អ្នកដំណើរ​មក​ដល់​ប្រទេស​កម្ពុជា តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ ។ មិន​ខុស​គ្នា​នោះ​ដែរ​អ្នកដំណើរ​ចេញពី​កម្ពុជា ក៏​ត្រូវ​បាន​អនុវត្តន៍​ទៅ​តាម​ការ​ណែនាំ​របស់​ខាង​ប្រទេស​សិង្ហ​បុរី​ដែរ ។

លោក​ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា ( PATACC ) បានឱ្យ​ដឹង​ថា ការ​បើក​ជើងហោះហើរ​រវាង​អន្តរជាតិ​ពេល​នេះ វា​ហាក់ដូចជា​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​ដល់​វិស័យ​ទេសចរណ៍​នោះ​ទេ ពីព្រោះ​ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​ទស្សនា​នៅ​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ហើយ​ទេសចរ​ចេញពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ក៏​ត្រូវ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ដូច​គ្នា ។​ពួក​គាត់​ត្រូវការ​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា ឬ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ។

លោក​បន្ត​ថា «​សម្រាប់​ជើងហោះហើរ​ដែល​ត​ភ្ជាប់​ពី​សិង្ហ​បុរី​គឺ​ផ្ដោត​តែ​លើ​ធុរកិច្ច ឬ​វិនិយោគិន​ដែល​ត្រូវ​ចូល​មក​ស្នាក់​នៅ​យូរ​ៗ​ប៉ុណ្ណោះ » ។ លោក​បន្ត​ថា បើសិនជា​អាស៊ាន​មាន​វ៉ាក់សាំង​រួច​ហើយ គួរតែ​អនុគ្រោះ​ដល់​ភ្ញៀវ​ដែល​ចាក់​វ៉ាក់សាំង និង​កំណត់​ច​ត្តា​ឡី​ស័ក​ត្រឹម​៣​ឬ​៤​ថ្ងៃ នោះ​វា​នឹង​អាច​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​កម្ពុជា និង​មាន​ភ្ញៀវ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​អាស៊ាន ។

លោក​បន្ថែម​ថា ពាក់ព័ន្ធ​នឹង​ទេសចរណ៍ វា​មិន​ពាក់ព័ន្ធ​តែ​ស្ថានភាព​កូ​វី​ដ​១៩​នៅ​កម្ពុជា​នោះ​ទេ បើសិនជា​ប្រទេស​នានា​លើ​ពិភពលោក​នៅ​តែ​បន្ត​រក​ឃើញ​ករណី​វិជ្ជមាន​ជា​រៀងរាល់ថ្ងៃ​នោះ ។ កម្ពុជា​ជា​ចំណែក​ប៉ុណ្ណោះ តែ​កម្ពុជា​បាន​ពឹងផ្អែក​លើ​ទេសចរ​ពី​ក្រៅប្រទេស​ដូច្នេះ បើសិនជា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្រៅ ប្រទេស​នៅ​តែ​បន្ត​រីក​រាល​ដា​នោះ​វា​នឹង​នៅ​តែ​ធ្វើ​ឱ្យ​ទេសចរណ៍​កម្ពុជា​ប៉ះពាល់​ដដែល ។

សូម​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​កម្ពុជា​តាម​ច្រក​អាកាសយានដ្ឋាន​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ យន្តហោះ​មួយ​ចំនួន​ដែល​បន្ត​ការ​ហោះហើរ​ភាគច្រើន​គឺ​សម្រាប់​ដឹក​ទំនិញ​ប៉ុណ្ណោះ ដោយ​មាន​អ្នកដំណើរ​ភាគតិច​ណាស់ ហើយ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ក៏​បាន​បិទ​ច្រក​ដើម្បី​ធានា​សុវត្ថិភាព​ពី​ជំងឺ​កូ​វី​ដ​១៩​ដែរ ៕

Powered by the Echo RSS Plugin by CodeRevolution.