ខេត្តស្វាយរៀង​៖​ ហួសចិត្តទៅលើ​​រថយន្ត​កុងតឺន័រ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង​ ​ដោយសារអ្នកបើកបរបើកក្នុង​ល្បឿន​លឿន​ពេកដែលទំនងជា​ស្រវឹងស្រា​ផង​បុក​រង្វង់​មូល​រូប​ក្រពើ បណ្តាល​ឲ្យ​បាក់​បែង​ខូច​រង្វង់​មូល​យ៉ាងដំណំ ហើយ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ អ្វីដែលសំខាន់គឺកន្លែងកើតហេតុ គឺជាទីប្រជុំជន​ដោយ​មនុស្សផងដែរ ។

​ករណី​ខាងលើ ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា១០​ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៧​ មីនា​ ស្ថិត​​រង្វង់​មូល​រូប​ក្រពើ​ ក្ន្ុង​ភូមិ​ស្វាយ​អាណា​ត​ ឃុំ​ញរ​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ នៅ​ទល់មុខ​សាលាស្រុក​កំពង់​រោ​ទិ៍​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ទាំង​យប់​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្កហេតុ​ខាងលើ​ម៉ាក​ហ៊ី​យិ​ន​ដាយ សណ្តោង​រ៉ឺ​ម៉កពាក់​ស្លាក​លេខ​ភ្នំពេញ 3D .2243 របស់​ក្រុមហ៊ុន​ស៊ី​ខេ​(CK)​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្ដសញ្ញាណ​នៅឡើយ​ទេ​។ ​ប្រភព​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​បើកបរ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​314 D​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​លុះ​មក​ដល់​ចំណុច​រង្វង់​មូល​រូប​ក្រពើ ក៏​បុក​តែ​ម្តង ហើយ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ទី​១​អ្នកបើកបរ​រថយន្ត​មិន​ស្គាល់​ស្ថានភាព​ភូមិសាស្ត្រ​ជា​ចំណុច​ប្រសព្វ​ដែល​មាន​រង្វង់​មូល​រូប​ក្រពើ​នៅ​ចំ​កណ្តាលផ្លូវ​ប្រសព្វ​គូប​ផ្សំ​កន្លែង​កើតហេតុ​មាន​សភាព មិនសូវ​ភ្លឺ ទី​២ អ្នកបើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​អាច​បណ្ដាល​មក​ពី​អ្នកបើកបរ​ងងុយដេក ក៏​បាន​បើករថយន្ដ​បុក​រង្វង់​មូល​រូប​ក្រពើ​តែ​ម្ដង ។​

ហើយ​បាន​បណ្ដាល​ឱ្យ​ខូចខាត​គ្រឹះ​រូប​ក្រពើ​អស់​មួយ​ចំហៀង​ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​មិន​អាច​ទៅ​មុខ​ទៀត​បាន​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ក្រោយ​ពេល​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​រួច​អ្នកបើកបរ រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់​ទុក​នូវ​រថយន្ត​បង្កហេតុ​នៅ​កន្លែង​កើតហេតុ​អស់​រយៈពេល​រាប់​ម៉ោង​គេ​មិន​ទាន់​ឃើញ​មាន​រថយន្ត​ស្ទូច​មក​យក​រថយន្ត​បង្កហេតុ​ខាងលើ​នោះ​ទេ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​​ រង្វង់​មូល​រូប​ក្រពើ​នៅ​ស្រុក​កំពង់​រោ​ទិ៍​នេះ​ទើបតែ​កសាង​សា​ជា​ថ្មី​ ប៉ុន្តែ​មិន​ទាន់​បាន​សម្ពោធ​ជា​ផ្លូវការ​នោះ​ទេ​ចៃដន្យ​ក៏​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​បុក​បណ្តាល​ឲ្យ​ខូចខាត​គ្រឹះ​រូបសំណាក​ក្រពើ​អស់​មួយ​ចំហៀង​ប៉ែក​ខាងជើង​តែ​ម្តង​។ ​រហូត​ដល់​ទៀប​ភ្លឺ​សមត្ថកិច្ច​បាន​យក​រថយន្ត​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កំពង់​រោ​ទ៌​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

​​

Powered by the Echo RSS Plugin by CodeRevolution.